នៅព្រឹកថ្ងៃចន្ទ
៣ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា
ឆ្នាំ២០២៤នេះ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានអញ្ជេីញចូលរួមក្នុងពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក
ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ក្រោមធិបតីភាព ឯកឧត្ដម ហួត ស៉ីនាដ
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងពិធីផ្សព្វផ្សាយនោះផងដែរ
ក៏មានវត្តមានអញ្ជេីញចូលរួមពី គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ឯកឧត្តម រាណ សុវណ្ណរិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត
លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព
លោកប្រធានក្រុមប្រឹក្សា លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងសមាគម/អង្គការដៃគូយុវជន ស.ស.យ.ក ។
ឯកឧត្តម ម៉ែន
អេង មានប្រសាសន៍នាឱកាសនោះថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋលេខាធិការ
នាពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល
ដែលមានក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ
ក្នុងការគាំទ្រដល់ការអនុវត្តការងារអាទិភាពសំខាន់ទាំង២ក្នុងចំណោមការងារអាទិភាពទាំង
៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ឱ្យកាន់តែទទួលបានជោគជ័យ
និងមានប្រសិទ្ធភាព ឆ្លើយទៅនឹងគោលដៅ នៃការលើកកម្ពស់សុខុមាលភាព ប្រជាជន
បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដែលជាយុទ្ធសាស្រ្តគន្លឹះ
ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន ។
ឯកឧត្ដម ហួត
ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ក្នុងកម្មវិធីគោរពយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន
សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធិសភា
និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដែលបានផ្តួចផ្តើមកម្មវិធីរបបសន្តិសុខសង្គមនេះឡើង
ដើម្បីជួយសម្រួលដល់សុខទុក្ខ និងជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម
បានបន្ថែមថា ការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ
គឺមិនអាចជួយបងប្អូនឱ្យរួចផុតពីភាពក្រីក្របានទាំងស្រុងនោះទេ
គឺបងប្អូនត្រូវមានជំនាញរៀងខ្លួនដេីម្បីប្រកបរបរចិញ្ចឹមជីវិត
ដោយត្រូវរៀនជំនាញបន្ថែម វគ្គខ្លីៗ ដេីម្បីបានបន្តជីវភាព
និងជីវិតរបស់បងប្អូនៗទាំងអស់គ្នា។ ឯកឧត្តមបានបន្តទៀតថា
សូមបងប្អូនជួយផ្សព្វផ្សាយនូវកម្មទាំងពីរនេះឱ្យបានទូលំទូលាយដល់ប្អូននៅមូលដ្ឋានឱ្យបានជ្រូតជ្រាបទាំងអស់គ្នា។